
ខេត្តកំពត ៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ និងពេញនិយមមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមន្ត្រីរាជការគ្រប់ស្ថាប័នទាំងអស់ត្រូវបានឈប់សំរាកដើម្បី ចូលរួមអបអរសាទរក្នុងពិធីបុណ្យ។ ក្នុងនោះការរៀបចំតុបតែងលំអរនៅតាមគេហដ្ឋាន ទីសាធារណៈ គេសង្កេតឃើញមានការលំអរដោយទង់ជាតិ ទង់ជ្វាលា និងទង់សាសនា គ្រប់ទីអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ។
សកម្មភាពនៃការរៀបចំតុបតែងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស បានសហការជាមួយសមត្ថកិច្ចគ្រប់មូលដ្ឋាន ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗជូនប្រជាពលរដ្ឋក្នុងពិធី បុណ្យដ៏មហោឡារិកនេះដែរ ។
ប្រជាពលរដ្ឋជាអ្នករត់ម៉ូតូឌុបជាច្រើននៅ ក្នុងផ្សារសាមគ្គី ក្រុងកំពត មានការរិះគន់មកលើអាជ្ញាធរសង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលខ្វះការប្រុងប្រយ័ត្នក្នុងការណែនាំប្រជាពលរដ្ឋដែលមាន ផ្ទះនៅជាប់ផ្លូវជាតិ និងជាកន្លែងបង្ហាញទិដ្ឋភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរ អ្នកខ្លះមើលឃើញហើយសើច អ្នកខ្លះទាញម៉ាស៊ីនថតទុកមើលទៀតផង ដោយទិដ្ឋភាពផ្ទះដែលដោតទង់ជាតិបញ្ច្រាសក្បាលចុះក្រោមនេះ ជាផ្ទះលក់សិប្បធ្វើថាំងទរទឹក ពីស័ង្កសី ស្ថិតក្នុងភូមិក្រាំងអំពិល សង្កាត់ក្រាំងអំពិល តាមបណ្តោយផ្លូវជាតិភ្នំពេញ-កំពត ជិតបេនរថយន្តចាស់ ។
ទាក់ទិននឹងការដាក់ទង់ជាតិដាំក្បាលចុះក្រោម នេះ លោកស៊ី យុត ចៅសង្កាត់ក្រាំងអំពិលបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា កាលពីថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ២០១០ លោកបានឱ្យកំលាំងប៉ូលិសប៉ុស្តិ៍នគរបាល ណែនាំប្រជាពលរដ្ឋឱ្យដោតទង់ជាតិគ្រប់ផ្ទះទៅហើយដែរ តែនៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១០ លោកពុំទាន់បានដើរត្រួតពិនិត្យមើលការដោតទង់ជាតិនៅតាមផ្ទះ របស់ប្រជាពលរដ្ឋនៅឡើយទេ ដោយលោកកំពុងរង់ចាំកំលាំងប៉ូលិសចុះ ទៅត្រួតពិនិត្យទង់តាមផ្ទះជាមួយគ្នា ៕


